ប្រវត្តិអ្នកនិពន្ធ ញ៉ុក ថែម

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។

កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិ៍វាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល។

នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជជាសាមណេរ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ ក្នុងខេត្តបាត់ដំបង។ លោកបានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ១៩១៩ លោកបានបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ត្រី នៅកំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ១៩២៣។ នៅឆ្នាំ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា៣ប្រយោគ។ ពីរឆ្នាំក្រោយមក គឺឆ្នាំ១៩២៦ លោកបានជាប់ ទីមហា៤ប្រយោគ ហើយ២ឆ្នាំតមកទៀត(១៩២៨) ជាប់ទីមហា៥ប្រយោគ និងជាទីបញ្ចប់ លោកបានជាប់ទីមហា៦ប្រយោគ នៅក្នុងឆ្នាំ១៩២៩។ លោកបាន លាចាកសិក្ខាបទមកជាគ្រហស្ថ នៅឆ្នាំ១៩៣៦។

ការងារ
ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីគ.ស.១៩២៧ ទៅទល់នឹង គ.ស.១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។ នៅឆ្នាំ១៩៣៨ លោកធ្វការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅឆ្នាំបន្ទាប់មក(១៩៣៩) លោកបានធ្វើជាតំណាងសម្ដេចព្រះនរោត្ដមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ នាប្រទេសលាវ។ ឆ្នាំ១៩៤២ លោកបានទៅសម្ពោធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូង និងឆ្នាំ១៩៤៣ លោកជាតំណាងរៀបចំកម្មវិធីសិក្សា សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេប្រទេសលាវ។

លោកញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី៥ នៃសាលាគរុវិជ្ជានៅឆ្នាំ១៩៤៥។ នៅឆ្នាំ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង។ តែក្នុងឆ្នាំ១៩៥០ លោកលាឈប់ពីសាសនបណ្ឌិត្យ ចូលមកបម្រើ តែក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យ ជាប់សន្យារហូតមក។ ប្រាំមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៦ លោកសុំផ្លាស់ ទៅធ្វើជាសាស្ត្រាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង។ តែក្នុងឆ្នាំ១៩៥៨ លោកបានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញ ក្នុងឋានៈជាសាស្ត្រាចារ្យផង និងអ្នកស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននោះផង។ លោកជាសាស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល។

ស្នាដៃ
កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។
ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖
* ពុទ្ធប្បវត្តិសង្ខេប
* អនុពុទ្ធប្បវត្តិ ភាគ១-២
* ប្រជុំភាសិត ភាគ១-២
* មហាវេស្សន្ដរជាតក
* ប្រជុំពុទ្ធភាសិត
* ជាតិសាសនាព្រះមហាក្សត្រ
* រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២)
* រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣)
* ឯកសហរាត្រី (ភាគខ្លះ ប្រែ)
* ចូឡវេទល្លសូត្រ (ប្រែ)
* វិធីប្រតិបត្តិធម៌
* ពន្លឺអាស៊ីទ្វីប (ប្រែ)
* បញ្ញាសជាតកសង្ខេប ភាគ១-២។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s